Khmer Dictionary: ឃ
Chuon Nath's Khmer-Khmer Dictionary
-
ឃ្មមៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យស៊ី, ពាក្យទំពាឲ្យប្លែកឡើង : ស៊ីឃ្មមៗ, ទំពាឃ្មមៗ គឺស៊ី, ទំពាដោយមានអាហារពេញទុលក្នុងមាត់ ។
-
ឃ្មាតខ្មី
( កិ.កិរិយាសព្ទ )
ខំប្រឹង, សង្វាតខ្លាំង : ឃ្មាតខ្មីធ្វើការ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្មីឃ្មាត ផង) ។
-
ឃ្មាមៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យទំពា, ពាក្យស៊ីឲ្យប្លែកឡើង : ទំពាឃ្មាមៗ, ស៊ីឃ្មាមៗ គឺទំពា, ស៊ីដោយមានអាហារសាយពេញថ្ពាល់ទាំងពីរ ។
-
ឃ្មឹក
( ប.បរិវារសព្ទ )
ពាក្យសម្រាប់ចម្រើនពាក្យក្រាស់ឲ្យវិសេសឡើង : ក្រាស់ឃ្មឹក ។
-
ឃ្មឹល
( គុ.គុនសព្ទ )
ដែលឡើងសាច់ក្រាស់កន្ទឹស : សាច់ឡើងឃ្មឹល, មុខឃ្មឹល ។
-
ឃ្មុំ
( ន.នាមសព្ទ )
ឈ្មោះសត្វល្អិតមួយប្រភេទក្នុងពួកភមរជាតិ មានទឹកផ្អែម សំណុសសម្រាប់ធ្វើក្រមួន; ឃ្មុំមានច្រើនយ៉ាង : ឃ្មុំផ្លិត មានមណ្ឌលសំបុកតូច សណ្ឋានស្រដៀងនឹងផ្លិតដៃ; ឃ្មុំធំ មានមណ្ឌលសំបុកធំ; ឃ្មុំបូកគោ មានមណ្ឌលសំបុកមូលត្រមុលស្រដៀងនឹងបូកគោ...។
-
ឃ្មុំ
( ន.នាមសព្ទ )
ឈ្មោះខ្លាមួយប្រភេទ សម្បុរខ្មៅ ឬ ស ក៏មាន ខ្លះបរិភោគឃ្មុំជាអាហារ : ខ្លាឃ្មុំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្លា ផង) ។
-
ឃ្មោះ
( ន.នាមសព្ទ )
គ្រឿងវាយដំប្រគំធ្វើដោយសំរិទ្ធិ, ដោយស្ពាន់ មានសណ្ឋានដូចគងធំ តែគ្មានដោះ គេវាយឃ្មោះឲ្យកូនប្រុសកូនស្រីចេញមក (អាពាហ៍ពិពាហ៍) ។
-
ឃ្លង់
( ន.នាមសព្ទ )
ឈ្មោះរោគកើតអំពីឈាមបណ្ដាលចេញមកដល់សាច់ស្បែកខាងក្រៅឲ្យមានសម្បុរក្រហមជាំដាំដុំៗ ពកផ្លែហើយប្រែទៅជាដំបៅ, បើថែរក្សាដាក់ថ្នាំមិនត្រូវ ក៏នឹងបណ្ដាលឲ្យកាន់តែខ្លាំងឡើង រហូតដល់កាច់ដៃជើងឲ្យក្រញឹងក្រញង់, ឃ្លង់នេះហៅថា ឃ្លង់ភ្លើង ។ មានឃ្លង់មួយយ៉ាង ហៅថា ឃ្លង់ផេះ កើតបណ្ដាលឲ្យសាច់ស្បែករោលខ្លោចដុំៗ មិនបានដល់កាច់ដៃជើងដូចឃ្លង់ភ្លើងទេ ។ មានឃ្លង់មួយយ៉ាងទៀតហៅថា ឃ្លង់ល្ពៅ បណ្ដាលឲ្យស្បែកឡើងសពពាលៗ នៅដៃជើង ឬ នៅមាត់, នៅថ្ងាស, នៅក្បាល ។ មានឃ្លង់មួយយ៉ាងផ្សេងទៀត ហៅថា ឃ្លង់ដែក កើតនៅជើង, នៅដៃ បណ្ដាលឲ្យស្បែករឹងក្ដាំង ដល់យូរទៅប្រែជារបកពុកផុយ ។ (មាន ព. ទ. បុ. ថា : ឃ្លង់ដែកចែកកូនចែកចៅ ឃ្លង់ល្ពៅស្លាប់ទៅឥតចែក មានន័យថា បើឪពុកកើតឃ្លង់ដែក ដល់មកកូន ឬចៅ គង់មានកូនឬចៅណាមួយកើតឃ្លង់ដែកដូចឪពុក ឬ ជីតា ដែរ ។ ធ្លាប់បានសង្កេតហើយ ឃើញពិតខ្លះទេខ្លះ) ។
-
ឃ្លា
( ន.នាមសព្ទ )
ល្បះពាក្យ, ល្បះសេចក្ដី ដែលមានទំនងត្រូវដកឲ្យដាច់ ឲ្យឃ្លាត : សេចក្ដីមួយឃ្លា; មើលកាព្យឲ្យដឹងឃ្លា, សរសេរដកឃ្លា ។
<< Prev 1 2 3 4 5 6 ... 9 Next >>