Khmer Dictionary: ទ
Chuon Nath's Khmer-Khmer Dictionary
-
ទល់អង្រែ
( ន.នាមសព្ទ )
or រុញអង្រែ
ឈ្មោះល្បែងលេងសាកកម្លាំងគ្នា ដោយយកអង្រែមកទល់នឹងគ្រលៀនម្ខាងម្នាក់រុញទៅរុញមក : លេងទល់អង្រែ ឬ លេងរុញអង្រែ ។
-
ទស
( បូ. សំ.បូរាណសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[ទស់]
( បា.បាលី ( បាលីភាសា ) )
ដប់ (១០) : យើងខ្ញុំបង្គំព្រះទ្រង់យស ដោយម្រាមទាំងទសផ្ចង់គោរព ព្រមដោយសក្ការៈទាំងគ្រប់ សូមឲ្យឧបទ្រពចៀសចេញឆ្ងាយ ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត អ. ថ. ទៈសៈ ដូចជា ទសក័ណ្ឋ (--ក័ន) ន. (បា. ទសកណ្ឋ; សំ. ទឝកណ្ឋ) អ្នកដែលមាន-ក ១០ គឺរាពណ៍ : ព្រះបាទទសក័ណ្ឋ (ក្នុងរឿងរាមកេរ្តិ៍) ។
- ទសធម្ម (--ធ័ម ឬ--ធ័ម-មៈ) ន. (បា.) ធម៌ ១០ ។ ឈ្មោះសូត្រមួយក្នុងព្រះសុត្តន្តបិដក សំដែងពីធម៌ ១០ ប្រភេទ ។
- ទសបារមី (ទៈសៈបារ៉ៈម៉ី) ន. (បា.) បារមី ១០ គឺចរិយាដ៏លើសលន់ ឬគុណជាតិដ៏ល្អ ដែលគួរបំពេញមាន ១០ យ៉ាងគឺ ១-ទានៈ ការធ្វើអំណោយ; ២-សីលៈ ការរក្សាកាយវាចាឲ្យបរិសុទ្ធប្រពៃ; ៣- នេក្ខម្មៈ ការចេញចាកកាម គឺចេញបួស; ៤-បញ្ញា ការដឹងច្បាស់នូវសេចក្ដីពិត; ៥-វីរិយៈ ព្យាយាម; ៦-ខន្តិ សេចក្ដីអត់ធន; ៧- សច្ចៈ ការកាន់សំដីពិតមិនរើរុះ; ៨-អធិដ្ឋានៈ ការអធិដ្ឋានឲ្យឃើញជាក់ស្ដែងតាមហេតុពិត; ៩-មេត្តា ការផ្សាយសេចក្ដីរាប់អានចំពោះសព្វសត្វមិនរើសមុខ; ១០-ឧបេក្ខា ដំណើរតាំងចិត្តជើយព្រងើយដោយស្មោះស្មើ ។ បារមីទាំង ១០ នេះឯងដែលពោធិសត្វរាល់ព្រះអង្គបំពេញឲ្យបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ ។
- ទសពល (--ពល់) គុ. ឬ ន. (បា.) ដែលមានកម្លាំង ១០ គឺមានកម្លាំងស្មើនឹងដំរីវិសេស ១០ (ព្រះសម្មាសម្ពុទ្ធ) : ព្រះទសពល ។
- ទសពិធ (--ពិត) គុ. (បា. ទសវិធ, វ > ព = ទសពិធ) ដែលមាន ១០ យ៉ាង, មាន ១០ ប្រការ ។
- ទសពិធរាជធម៌ (ទៈ សៈពិធៈរាជៈ ធ័រ, ឬតាមទម្លាប់ថា ទស់សៈពិត--) ន. (បា. ទសវិធ + រាជធម្ម) រាជធម៌ ១០យ៉ាង គឺធម៌ ១០ ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូចនិងពួករាស្ត្រប្រជាឲ្យប្រព្រឹត្តផង ។ ទសពិធរាជធម៌នោះគឺ ១-ទានៈ ការធ្វើអំណោយ; ២-សីលៈ ការរក្សាសីល ៥ ជានិច្ច ឬរក្សាសីល ១០ មួយដងមួយកាល; ៣-បរិច្ចាគៈ ការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ; ៤-អាជ្ជវៈ មានសេចក្ដីត្រង់; ៥-មទ្ទវៈ មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា; ៦-តបៈ ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តបៈ ឬ តបះ ផង); ៧-អក្កោធនៈ មិនកម្ដៅក្រហាយអ្នកដទៃ; ៨-អវិហឹសា មិនបៀតបៀនអ្នកដទៃ; ៩-ខន្តិ មានសេចក្ដីអត់ធន់; ១០-អវិរោធនៈ មិនបំពានលើធម៌លើច្បាប់ ។ ច្រើនប្រើកាត់ខ្លីត្រឹមតែ ទសពិធ ឬ ទសពិធធម៌ ។
- ទសមុខ (ទៈសៈមុក, ឬ ត. ទ. ថា. ទស់មុខ) ន. ឬ គុ. (បា.) មុខ ១០; ដែលមានមុខ ១០ (រាពណ៍) : ព្រះបាទទសមុខ (ក្នុងរឿងរាមកេរ្តិ៍ ) ។
-
ទស --
(មើលក្នុងពាក្យ ទស) ។
-
ទសវត្សរ៍
( ន.នាមសព្ទ )
[ទៈ សៈ វ័ត ឬ តាមទម្លាប់ ថា ទស់-សៈវ័ត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ទឝ + សំវត្សរ, លុប សំ ចេញជា វត្សរ (អាទិលុប) > ទឝវត្សរ; ទស + សំវច្ឆរ) កំលុងដប់ឆ្នាំ : មួយទសវត្សរ៍ ។ ដប់ទសវត្សរ៍ (កំលុងមួយរយឆ្នាំហៅថា មួយសតវត្សរ៍), ដប់សតវត្សរ៍ ជាមួយសហស្សវត្សរ៍ (កំលុងមួយពាន់ឆ្នាំ), ដប់សហស្សវត្សរ៍ ជាមួយទសសហស្សវត្សរ៍ (កំលុងមួយម៉ឺនឆ្នាំ) ។ល។
-
ទស់
( កិ.កិរិយាសព្ទ )
រាំងដោយឆ្នស់ : ទស់ធ្នស់, ទស់ទឹកឲ្យចាល់ ។ រារាំង, ទប់ទល់ : មើលទៅឃើញទស់គេមិនឈ្នះទេ ។
- ទស់ទ័ព គឺរាំងមុខទ័ពមិនឲ្យចូលមកបាន ។ (ស. ស.) ទាញ ដោយតាំងសញ្ញាថារបស់ដែលគេចោល ឬឥតម្ចាស់ : ភិក្ខុទស់សំពត់បង្សុកូល, ទស់បន្លុង ។
-
ទស្សន
( ន.នាមសព្ទ )
[ទ័ស សៈ ន៉ៈ]
or ទស្សនៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទស្សន; ទស៌ន ការឃើញ, ដំណើរយល់ឃើញ; បញ្ញាសាមញ្ញ; លទ្ធិ; ភ្នែក; អាទិមគ្គ គឺសោតាបត្តិមគ្គ ។
- ទស្សនកិច្ច (--កិច) ន. (បា.; សំ. ទស៌ន + ក្ឫត្យ) ចក្ខុដែលមានការឃើញជានិច្ច ឬជាមុខការ ។
- ទស្សនវិជ្ជា ន. (បា.) វិជ្ជាដែលកើតឡើងដោយទស្សនៈ; វិទ្យាសាស្ត្រចែងអំពីគោលការណ៍សំខាន់ៗ និងបុព្វហេតុផ្សេងៗ ឬអំពីជីវិតនៃមនុស្សនិងសត្វ : ទស្សនវិជ្ជា ជាគុណជាតិវិសេសមួយចំណែក ។ ទស្សនវិទូ ន. (បា.) អ្នកប្រាជ្ញខាងទស្សនវិជ្ជា : ព្រះពុទ្ធ ជាទស្សនវិទូឯកក្នុងលោក ។
- ទស្សនវិស័យ (--វិសៃ) ន. (បា. ទស្សនវិសយ) ប្រទេស ឬទីឱកាសដែលមើលឃើញ គឺចម្ងាយភ្នែកល្មមមើលឃើញបាន (ចម្ងាយមួយក្រឡេក ឬមួយកន្ទុយភ្នែក)។
- ទស្សនាការ (ទ័ស-សៈ ន៉ាកា) ន. (បា.; សំ. ទស៌ន + អាការ) អាការនៃការឃើញ, លក្ខណៈនៃការឃើញ។ ខ្មែរយើងប្រើជា (រ. ស.) កិ. ក៏មាន : ទ្រង់ទស្សនាការ គឺទ្រង់ទតព្រះនេត្រ, ទ្រង់ទតឃើញ ។ ដំណើរត្រួតមើលកិច្ចការផ្សេងៗ តាមកម្មវិធីដែលបានកំណត់ទុក : លោកអភិបាលខេត្ត ធ្វើទស្សនាការក្នុងស្រុក-ក្នុងសង្កាត់ ។ ប្រើជា ទស្សនាចរ ឬ ទស្សនាចរណ៍ ក៏មាន ។
- ទស្សនាវដ្ដី (ទ័ស-សៈ-ន៉ាវ៉ាត់-ដី) ន. (បា.) ចំណងជើងនៃប្រជុំអត្ថបទផ្សេងៗដែលផ្សាយចេញតាមកំណត់ពេល, សៀវភៅដែលគេចុះអត្ថបទច្រើនផ្នែក ផ្សាយចេញប្រចាំសប្តាហ៍ ឬប្រចាំខែ : ទស្សនាវដ្ដីវិទ្យាសាស្ត្រ, ជាវទស្សនាវដ្ដី, អានទស្សនាវដ្ដី ។
- ទស្សនីយភាព (ទ័ស-សៈន៉ីយ៉ៈ--) ន. (បា.) ទស្សនីយភាវ) ភាពដែលគួរមើលគួរឃើញ; អ្វីៗដែលគួរឲ្យចង់មើលចង់ឃើញ : ទស្សនីយភាពនៃជើងភ្នំ, ទស្សនីយភាពនៃវាលស្រែ ។ ទស្សនូ-បចារ (ទ័ស-សៈ ន៉ូប៉ៈចារ) ន. (បា. ទស្សន + ឧបចារ > ទស្សនុ-បចារ ឬទស្សនូបចារ ឬក៏ ទស្សនោបចារ) ទីជិតល្មមមើលឃើញច្បាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទស្សនវិស័យ ទៀតផង) ។
-
ទស្សន--
or ទស្សនា-- ទស្សនី-- ទស្សនូ--
(មើលក្នុងពាក្យ ទស្សន ឬ ទស្សនៈ) ។
-
ទឡ្ហ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទល់ ឬ ទឡ្ហ កិ.) ។
-
ទឡ្ហីកម្ម
( ន.នាមសព្ទ )
[ទ័ល-ហីក័ម]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទ្ឫឍ + កម៌ន៑) ការធ្វើឲ្យមាំឡើងទៀត គឺការដែលបានធ្វើរួចហើយធ្វើថែមទៀតឲ្យរឹតតែមាំមួនឡើង : ត្រូវធ្វើទៀតទៅ ដើម្បីឲ្យបានជាទឡ្ហីកម្ម ។
-
ទឡ្ហីករណៈ
( ន.នាមសព្ទ )
[ទ័ល-ហីកៈ រៈណៈ ឬ--ក]
or ទឡ្ហីករណ៍
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទឡ្ហីករណ; ទ្ឫឍករណ) ពាក្យឬសេចក្ដីផ្សេងៗ ដែលទាញនាំយកមកអាង ដើម្បីឲ្យមាំ : ពាក្យនេះជាទឡ្ហីករណៈ ឬ ជាទឡ្ហី-ករណ៍ ។ និបាតសព្ទសម្រាប់បញ្ជាក់ចុះមកជាជំនួយសេចក្ដីឲ្យមាំ, ឲ្យរឹងប៉ឹង : ពិត, ប្រាដក, មែនពិត, មែនទែន ជាដើម ឬ ពីរដងទៀត, បីដងទៀត ... ជាទឡ្ហីករណ៍ ។
<< Prev 1 ... 15 16 17 18 19 20 Next >>