Khmer Dictionary: ផ
Chuon Nath's Khmer-Khmer Dictionary
-
ផ្កាចន្ទន៍
( ន.នាមសព្ទ )
[--ច័ន ]
រូបភាពមានសណ្ឋានដូចផ្កាចន្ទន៍ ។ ឈ្មោះបន្លែក្រៀមមួយប្រភេទមកពីប្រទេសចិន; ប្រើធ្វើជាថ្នាំក្ដៅក៏បាន ។ ឈ្មោះគ្រឿងប្រដាប់ត្រចៀកធ្វើដោយមាសឬប្រាក់ មានសណ្ឋានស្រដៀងនឹងផ្កាចន្ទន៍ សម្រាប់ស្ត្រីពាក់ត្រចៀកក្នុងសម័យពីដើម ។
-
ផ្កាចារ
( ន.នាមសព្ទ )
ឈ្មោះទូកតូចមួយបែបមានទ្រង់ទ្រាយលំនាំត្របកផ្កាចារ : ទូកផ្កាចារ ។
-
ផ្កាចេក
( ន.នាមសព្ទ )
ឈ្មោះបន្លែក្រៀមមួយប្រភេទ មានសណ្ឋានស្រដៀងនឹងផ្កាចេក ជារបស់នាំមកពីប្រទេសចិន; ប្រើធ្វើជាថ្នាំក្ដៅក៏បាន : ផ្កាចេកផ្កាចន្ទន៍ជាបន្លែក្រៀម (មើលក្នុងពាក្យ ផ្កាចន្ទន៍ ទៀតផង) ។
-
ផ្កាឈូក
( ន.នាមសព្ទ )
(សព្ទអារក្ស) ពាក្យមេមត់ហៅកូនដែលនៅក្នុងផ្ទៃ ដោយប្រៀបដូចផ្កាឈូក; បើកូនខ្ចី ឬ កូនតូច ហៅថា ពងចាប (មើលក្នុងពាក្យ ប្រាក្រឹត ទៀតផង) ។
-
ផ្កាឈើ
( ន.នាមសព្ទ )
អុត :
- កើតផ្កាឈើ គឺកើតអុត (ពាក្យហៅ ដោយអបទេសបញ្ចៀសឲ្យអុតចេញល្អដូចផ្កាឈើ ដើម្បីកុំឲ្យអុតនោះកាច) ។
-
ផ្កាញ័រ
( ន.នាមសព្ទ )
រូបផ្កាធ្វើដោយក្រដាស ឬស្ពាន់ក្រាប់ មានទងធ្វើដោយលួសរួញមូរជាជាន់ៗ ដើម្បីឲ្យកក្រើកញ័រៗ ។
-
ផ្កាដំបៅ
( ន.នាមសព្ទ )
ឈ្មោះរោគមួយប្រភេទចេញផេរនៅស្បែក ក្នុងកាលមុនដែលនឹងកើតដំបៅងា ។
-
ផ្កាត្រែង
( ន.នាមសព្ទ )
ឈ្មោះរលកទឹកដែលបោកបែកសស្ងាចមើលទៅឃើញហាក់ដូចជាផ្កាត្រែង : រលកផ្កាត្រែង ឬរលកបែកផ្កាត្រែង ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សង្វេគ) : ឈរក្បែរសាគរ រលកឈូឆរ បោកបែកផ្កាត្រែង ស្រាប់តែនឹកភ្នក ដល់រូបប្រាណឯង អន្ទោលខ្វាត់ខ្វែង កើតស្លាប់រាល់ជាតិ ។
-
ផ្កាបិណ្ឌ
( ន.នាមសព្ទ )
[--បិន ]
គ្រឿងលំអដែលរចនាដោយស្ពាន់ក្រាប់មានដងដោតបាន សម្រាប់សម្គាល់ក្នុងពិធីបុណ្យកាន់បិណ្ឌ (ប្រើតាមប្រពៃណីស្រុក) ។
-
ផ្កាភ្លើង
( ន.នាមសព្ទ )
កម្ទេចភ្លើងដែលព្រាយចេញឬហើរចេញព្រោងព្រាត ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>