Khmer Dictionary: យ
Chuon Nath's Khmer-Khmer Dictionary
-
យ៉ៃ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
រង្វេលដែកឆ្មារ សម្រាប់កម្រើកគ្រលែងជាជំនួយនាំគ្រឿងចក្រនាឡិកា ដែលឥតប៉ោលឲ្យដើរ : យ៉ៃនាឡិកា, បង្គោលយ៉ៃ ។
-
យ័ន្ត
( ន.នាមសព្ទ )
[យ័ន ]
or យ័ន្រ្ត
(យន្ត; យន្រ្ត “ការហាម, ឃាត់; ដំណើរការពារ”) គំនូសដែលគូសគូរប្រទាក់ឆ្វាក់លើសំពត់សឬក្រដាសជាដើម ដោយសូត្រសែកគាថាអាគមផង ឬសរសេរតួអក្សរគាថាអាគមត្រង់ចន្លោះៗក្រឡាឬនៅត្រង់ជ្រុងៗរាប់ថាជារបាំងជាគ្រឿងការពារ រារាំងសត្រូវឬអន្តរាយផ្សេងៗ តាមដោយជំនឿអ្នកដែលរាប់អានទុកចិត្តថាជារបស់ស័ក្តិសិទ្ធ : យ័ន្តក្បាល ៤, យ័ន្តក្បាល ៨, គូរយ័ន្ត, បញ្ចុះយ័ន្ត ។
-
យ័រ !
( ឧ.ឧទានសព្ទ )
សម្តីបន្លឺឡើងដោយសើច, ដោយប្លែកចិត្ត : យ័រ ! អីដល់ម្ល៉ឹងម៉ឹងហ្ន៎ ! (ប្រើតាមទម្លាប់, ដូចគ្នានឹង យី ! យើ !, យីអើ ! ដែរ) ។