Khmer Dictionary: មូល
Chuon Nath's Khmer-Khmer Dictionary
-
មូល
( កិ.កិរិយាសព្ទ )
រួបរួមគ្នា, ជុំគ្នា, មិនបែកខ្ញែកគ្នា :
- មូលកូនចៅ, មូលគ្នា ។ ប្រើជា កិ. វិ. ក៏បាន : នៅមូលគ្នា, ឈរមូលគ្នា, អង្គុយមូលគ្នា ។
- មូលគំនិតគ្នា ដែលមានគំនិតរួមចូលគ្នាតែផ្លូវមួយ ។
- មូលចិត្ត ដែលមានចិត្តស្លុងក្នុងអារម្មណ៍តែមួយ ។
- មូលត្រកូល មូលគ្នាមួយត្រកូល, នៅរួមគ្នាជាសុខមួយត្រកូលឥតមានព្រាត់ប្រាសនិរាស ។ ព. ប្រ. មូលគ្នាមិនរាត់រាយ, មិនបែកខ្ញែក ។
- មូលមាត់គ្នា និយាយព្រមព្រៀងគ្នារាល់មាត់ ។ មូលមិត្រ មូលមិត្រសំឡាញ់, មូលបងប្អូនញាតិមិត្រ; មូលប្ដីប្រពន្ធ ។
- មូលសេចក្ដី ប្រមូលសេចក្ដីឲ្យរួមនៅតែមួយ ។
- មូលស្លុង មូលលង់ស៊ប់មិនងាកបែរ : ចិត្តមូលស្លុង, អារម្មណ៍មូលស្លុង ។
- មូលអារម្មណ៍ អារម្មណ៍មូលតែមួយមិនទាស ។ល។
-
មូល
( គុ.គុនសព្ទ )
ដែលមានមណ្ឌលជុំវិញឥតជ្រុង ឥតផត ឥតប៉ោង : តុមូល, ប្រអប់មូល ។
- មូលណិល មូលរលីងស្អាតធេង ។
- ដំឡូងមូល (ព. ប្រ.) ល្ងង់សុទ្ធសាធ, ល្ងង់ទាំងស្រុង ឥតមានចំណេះអ្វីក្នុងខ្លួន : មនុស្សដំឡូងមូល (ព. ទ្រ. ឬ ព. ម.) ។
-
មូល
( ន.នាមសព្ទ )
ឈ្មោះនេសាទុបករណ៍មួយប្រភេទ ពួកច្បូក ប៉ុន្តែមានមុខតែមួយសណ្ឋានមូលស្រួចមានងៀង ត្រង់គល់ផ្លែមានប្រហោងរាក់ (ដែលហៅថា ភ្លុក ក៏បាន) សម្រាប់ស៊កដងមានខ្សែប្រចីមាំចងភ្ជាប់ពីគល់ផ្លែមកគល់ដង ងាយនឹងទាញដងឲ្យរបូតចេញបាន (ឲ្យដងនិងផ្លែនៅជាប់គ្នាដោយខ្សែប្រចីនោះ) ។
-
មូល
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ឫស; គល់, ឫសគល់; មើម, ដើមកំណើត, ដើមចម, ដើមទង, ទីតាំង; ទីជិត; ទ្រព្យដើម; តម្លៃ... ។
- មូលកច្ចាយនៈ (មូលៈក័ច-ចាយ៉ៈន៉ៈ) មើលពាក្យ មហាកច្ចាយនៈ ក្នុងពាក្យ មហា ។
- មូលកម្មដ្ឋាន (មូលៈក័ម-ម៉័ត-ឋាន) កម្មដ្ឋានដើម : ការភាវនានឹករំពឹងឆ្ពោះទៅរកពុទ្ធគុណជាមូលកម្មដ្ឋាន (ព. ពុ.) ។
- មូលគន្ធ (មូលៈគន់-ធ) ក្លិនដែលកើតអំពីឫសឬមើម, ក្លិនឫសឬមើម (ដូចយ៉ាងឫសស្គា, មើមប្រោះជាដើម) ។
- មូលដ្ឋាន (--ល៉ាត់--) ស្ថានដើម, ទីដែលជាឫសគល់, ទីតាំងមាំ, គោលការណ៍សំខាន់, គ្រឿងគាំទ្រ :
- មូលដ្ឋាន ទ័ព, រឿងនេះគ្មានអ្វីជាមូលដ្ឋានទេ; អាកាសដែលជាទីតាំងដំបូងបង្អស់នៃការកើតពិភពលោក ។
- មូលធន (មូលៈធន់) ទ្រព្យដើម, ដើមទ្រព្យ, ប្រាក់ដើម, ដើមទុន ។
- មូលធម៌ (មូលៈធ័រ) ធម៌ជាឫសគល់របស់មនុស្ស (សេចក្ដីដឹងគុណអ្នកមានគុណ, សីលប្រាំ...) ។
- មូលនាម (មូលៈ--) ឈ្មោះដើម (ឈ្មោះមុនឬឈ្មោះកំណើត) ។ (មូល-នាម) ឈ្មោះកណ្ឌឬនិទ្ទេសទី ២ នៃមូលកច្ចាយនៈ (វេយ្យាករណ៍បាលី) និយាយអំពីនាមសព្ទទាំងពួង (ព. ពុ.) ។
- មូលនិធិ (មូលៈនិ-ធិ) កំណប់ទ្រព្យដើម (ប្រាក់ដែលចងការឲ្យគេ, ប្រាក់ដែលចំណាយធ្វើការណាមួយ បម្រុងនឹងយកចំណេញទៅខាងមុខ, ប្រាក់ដែលចំណាយធ្វើបុណ្យ) : ប្រាក់មូលនិធិ, សង់ផ្ទះឈ្នួលទុកជាមូលនិធិ, បរិច្ចាគទ្រព្យធ្វើបុណ្យជាមូលនិធិ ។
- មូលប្រណិធាន ឬ - មូលប្រណិធិ (មូលៈ--) សេចក្ដីប្រាថ្នាដើម, ការតាំងផ្ដើមសេចក្ដីប្រាថ្នា : មានមូលប្រណិធានមកពីមុន ។
- មូលផលា (មូលៈផៈល៉្លា) មើមនិងផ្លែ, មើមនិងផ្លែឈើទាំងឡាយ;
- មូលផលាផល (មូលៈផៈល៉ាផល់) មើមនិងផ្លែតូចផ្លែធំ : ចូលព្រៃរកមូលផលាផល ។
- មូលភាគ (មូលៈភាក) ភាគដើម, ចំណែកដើម ។
- មូលភាសា (មូលៈ--) ភាសាដើម, ភាសាដែលជាឫសគល់ឬជាដើមកំណើតនៃភាសានីមួយ ដូចយ៉ាងភាសាបាលី, សំស្ក្រឹតជាដើម ។
- មូលមគ្គ (មូលៈម័ក) ផ្លូវដើម, លំអានដើម ឬ គន្លងដើម ។
- មូលសព្ទ (មូលៈស័ប) សព្ទដើម សព្ទដែលជាដើមកំណើត (កំណើតពាក្យ) ដូចជា : ករ (កៈរ៉ៈ ឬក័រ) “ធ្វើ” ជា មូលសព្ទ របស់ពាក្យ កម្ម ឬ ការ “អំពើ”, ការណ៍ “ហេតុ, ដំណើរ”, កិច្ច “រវល់, ការ”... ; ទា “ឲ្យ” ជា មូលសព្ទ របស់ពាក្យ ទាន“អំណោយ”, ទាយក, ទាយិកា “អ្នកឲ្យ”... ។
- មូលស្ថាន (ដូចគ្នានឹង មូលដ្ឋាន ដែរ) ។
- មូលហេតុ (មូលៈហែត) ហេតុដើម, ដំណើរដើម ។ល។
- កុសលមូល (កុសៈល៉ៈមូល) ឫសកុសល : សេចក្ដីមិនជំពាក់ចិត្ត, មិនប្រទូស្ត, មិនវង្វេងស្មារតី ជាកុសលមូល (ព. ពុ.) ។
- បាទមូល (បាទៈមូល) ទីជិតនៃជើង, ទីប្របជើង : ក្រាបទៀបបាទមូល ។
- រុក្ខមូល (រុក-ខៈមូល) ទីតាំងនៃដើមឈើ, ទីជិតដើមឈើ, គល់ឈើ ។
- អកុសលមូល (អៈកុសៈល៉ៈមូល) ឫសអកុសល : សេចក្ដីជំពាក់ចិត្ត, សេចក្ដីប្រទូស្ត, សេចក្ដីវង្វេងស្មារតី ជាអកុសលមូល (ព. ពុ.) ។ល។
-
មូលី
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
រនាំងបន្ទោះ គឺរនាំងតូចដែលរែងក្រងដោយបន្ទោះល្អិតៗ សម្រាប់បាំងបង្អួចកុំឲ្យកម្ដៅឬពន្លឺព្រះអាទិត្យជាដើមចាំងចូល : មូលីបង្អួច (ហៅដោយទម្លាប់ស្រុក; ច្រើនហៅតែ រនាំងតូច, រនាំងធំ) ។
-
មូល្យ
( ន.នាមសព្ទ )
[មូល ]
តម្លៃ; ឈ្នួល; ចំណេញ; ប្រាក់ខែ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រសិនបើកវីត្រូវការ) ។
Headley's Khmer-English Dictionary
-
មូល
( adj )
[muul]
- detail »
to be round, spherical; to be whole, entire; to be compact, solid; (of a woman's figure) to be svelte, shapely; (of the voice) to be full
-
មូល
( n )
[muul]
- detail »
origin, root, source; basis; base, foundation; beginning; birth; primordial time; essence; capital (funds)
-
មូល
( v )
[muul]
- detail »
to assemble, gather, unite; to concentrate; to sum up
-
មូល
( n )
[muul]
- detail »
kind of fishing spear or harpoon (4) muul, muuleaʔ
-
មូល
( n )
[muul]
- detail »
excrement
-
មូលី
( n )
[muulii]
- detail »
bamboo wickerwork screen, curtain; blind, shade
-
មូល្យ
( n )
[muul]
- detail »
cost, price, rent; profit; wages, salary