Khmer Dictionary: ដ
Chuon Nath's Khmer-Khmer Dictionary
-
ដៀប
( ន.នាមសព្ទ )
ឈ្មោះកូនត្រីឆ្ដោនៅជំទង់ៗ : ត្រីដៀប ។ គ្រាប់អង្គញ់ដែលដាំជាកូនៗ ក្នុងល្បែងលេងអង្គញ់ ។ ឈ្មោះស្មៅទឹកមួយប្រភេទ ច្រើនដុះតែក្នុងស្រះ ។
-
ដៀមដាម
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
និយាយបញ្ចៀសវាសវាងដោយសេចក្ដីក្រោធ, សេចក្ដីច្រណែន, ឫស្យា ដើម្បីឲ្យអ្នកម្ខាងឈឺចិត្ត : កុំដៀមដាមឲ្យគេប្រយ័ត្នមានរឿង !
-
ដៀល
( កិ.កិរិយាសព្ទ )
និយាយរិះគន់, និន្ទា, សកេរ្តិ៍ សឫសគល់, និយាយពាក្យបង្អាប់បង្អោនអ្នកដទៃ ក្នុងទីចំពោះមុខ ឬកំបាំង : វាហ៊ានដៀលពូជដៀលអម្បូរឯង ដោយសម្ដីធ្ងន់ៗ ណាស់ ។
- ដៀលត្មះ គឺដៀលឲ្យអាម៉ាស់មុខ, ឲ្យអាប់ឱនកេរ្តិ៍ឈ្មោះ, ឲ្យអាប់កិត្តិយស ។
-
ដៀវ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
( ស.សៀម ( ភាសាសៀម ) )
(ដ្យេវ អ. ថ. ដៀវ “មួយ, តែ ១” គេនិយាយថា ទឹមដៀវ គឺទឹមសត្វតែ ១ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាដៀវ ឬ សាយដៀវ ផង) ។
-
ដេក
( កិ.កិរិយាសព្ទ )
សម្រេចឥរិយាបថ ១ ផ្សេង អំពីឥរិយាបថ ៣ គឺ ដើរ, ឈរ, អង្គុយ; គឺដាក់ខ្លួនដេកលើទី, បញ្ឈប់អារម្មណ៍សម្ងំឲ្យលក់ ។ ព. ប្រ. ឈប់ដោយមានទាស់ដំណើរ, មិនប្រព្រឹត្តទៅ : រោងម៉ាស៊ីននុះ ឥឡូវដេកទៅហើយ ។
-
ដេញ
( កិ.កិរិយាសព្ទ )
បង្អើលឲ្យដើរចេញ, បង្ខំឲ្យដើរ, កម្ចាត់ឲ្យឃ្លាតចេញ : ដេញចាប, ដេញគោ, ដេញគូលីឲ្យលែងធ្វើការ ។ រត់តាមដើម្បីចាប់, ឬនឹងប្រហារ : ដេញចោរ, ដេញទន្សាយ ។ ជម្រះមន្ទិលសម្រាំងយកសាច់ល្អបរិសុទ្ធ : ដេញមាស ។ កេះ, ត្រេះ, ផ្ទាត់ខ្សែតន្ត្រី : ដេញចាប៉ី ។ ដេញជើង ពិនិត្យ, សង្កេតសង្កិន, ឈ្លេចសួរ ឲ្យទាស់ជើង, ឲ្យឃើញពិត ។ ដេញដោល សាកសួរជជីកឲ្យច្បាស់ការ, សួរសង្កិនបង្ខំឲ្យឆ្លើយដោះស្រាយ ។ ដេញថ្លៃ តដំឡើងថ្លៃប្រជែងគ្នាដើម្បីឲ្យបានមកខ្លួន ។ ដេញធ្នាក់ ចូលមកតយុទ្ធនឹងធ្នាក់ (បក្សី) ។ ដេញប្រយោគ ប្រឡងចំណេះវិជ្ជា, ពិនិត្យចំណេះវិជ្ជាតាមប្រយោគមុខការមានកំណត់ ។ ដេញពុត សង្កេតរកពុត, ពិនិត្យរកឲ្យឃើញពុត ។ ដេញមុខការ តថ្លៃ, ដេញថ្លៃ ដណ្ដើមយកមុខការ (ហៅត្រឹមតែ ដេញ ក៏បាន) ។ល។
-
ដេរ
( កិ.កិរិយាសព្ទ )
ភ្ជាប់អ្វីៗ ដោយម្ជុលនិងចេស : ដេរខោ, ដេរអាវ, ដេរថ្នេរដៃ ។
-
ដេរដាស
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលដាសពាស, ពាសពេញ, ត្រៀបត្រា : មនុស្សដេរដាស, ឈរដេរដាស ។
-
ដែក
( ន.នាមសព្ទ )
លោហជាតិមួយពួក កើតពីជាតិថ្មមានព័ណ៌ក្រមៅ ជាធាតុរឹងជាងពួកលោហជាតិទាំងពួង, មានប្រយោជន៍ប្រើការបានច្រើនយ៉ាងជាងលោហជាតិទាំងពួង ។ ដែកកណ្ដារ ដែកស្រួយសម្រាប់ក្ដារឬ ខៃទម្លុះសាច់ឈើ ។ ដែកខួង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខួង) ដែកខៃ ដែកសម្រាប់ខៃទម្លុះ ។ ដែកគាស់ ដែកមានសណ្ឋានឆែកជាចម្ពាមខាងចុង សម្រាប់គាស់ដកដែកគោល ។ ដែកគោល ដែកមានសណ្ឋានមូលតូចទ្រវែងមានក្បាល ខាងចុងស្រួចសម្រាប់បោះភ្ជាប់អ្វីៗ ។ ដែកចារ ដែកមូលឆ្មារស្រួចមានដងសម្រាប់ចារសាស្ត្រាស្លឹករឹត ។ ដែកឆាប ដែកមានបន្លាខ្លីញឹកសម្រាប់ឆាបធ្មេញរណារជាដើម ។ ដែកឈូស ដែកសម្រាប់ឈូសរំលីងឈើ ។ ដែកដុល ដែកដែលនៅទាំងដុំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដុល ផង) ។ ដែកថែប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថែប) ។ ដែកពុត ដែកសម្រាប់ពត់ធ្មេញរណារ ។ ដែកភ្លើង ដែកសម្រាប់ដំយកភ្លើង (ដែកភ្លើង១គ្រឿង មានដែកដំ១ បំពង់ប៉ុយ១ ថ្ម ១ដុំ) ។ (ម.ព.ឈើគូសផង) ។ ដែកស្វាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្វាន ) ។ ដែកអង្រូស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្រូស) ។ល។
-
ដែង
( គុ.គុនសព្ទ, ន.នាមសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ អា ឬមេ សម្រាប់អ្នកធំហៅរកអ្នកតូច ឬចៅហ្វាយនាយហៅរកមនុស្សដែលនៅក្រោមបង្គាប់ខ្លួន, បើប្រុសប្រើ អាដែង, ស្រីប្រើ មេដែង : អាដែងមេដែងអស់នេះ វានាំគ្នាទៅឯណាអស់អេះ ?
<< Prev 1 ... 15 16 17 18 19 20 Next >>