Khmer Dictionary: ថ
Chuon Nath's Khmer-Khmer Dictionary
-
ថ្នរ
( គុ.គុនសព្ទ )
ដែលមានវ័យស្រករគ្នា, ដែលមានភាពស្មើគ្នាទាំងជិតដិតស្និទ្ធស្នាលផងទៀត, ប្រើបានចំពោះតែផ្សំជាមួយនឹងពាក្យ គ្នា ថា គ្នាថ្នរ គឺជាគ្នាស្មើ, ជាគូកន : ពុំត្រូវយកអ្នកធំជាគ្នាថ្នរឡើយ ។
-
ថ្នល់
( ន.នាមសព្ទ )
ផ្លូវខ្ពស់ដោយដីលើក : បររថយន្តតាមថ្នល់, ពួតដៃគ្នាជួយលើកថ្នល់ពីភូមិមួយទៅភូមិមួយ, កុំលែងគោក្របីឲ្យដើរកាត់ថ្នល់ ។
-
ថ្នល់ទទឹង
( ន.នាមសព្ទ )
ទីប្រជុំថ្នល់វែងៗ ខ្វែងជាបួន; ហៅបានចំពោះតែថ្នល់ក្រៅពីក្រុង ។ ហៅថា ថ្នល់បែកបួន ឬ ថ្នល់ត្រឡែងកែង ឬក៏ ថ្នល់ត្រឡែងកែងបួន ដូចជាហៅផ្លូវខ្វែងក្នុងក្រុងដែរក៏បាន ។
-
ថ្នាក់
( ន.នាមសព្ទ )
ជាន់, សង្កាត់; ល្បាក់ សម្រាប់ដាក់អ្វីៗ : រានម៉ា៥ថ្នាក់, តម្រៀបតាមថ្នាក់, ថ្នាក់ទី ១, ប្រឡងឡើងថ្នាក់ ។
-
ថ្នាក់ថ្នម
( កិ.កិរិយាសព្ទ )
បីបាច់រក្សាមិនឲ្យមានហ្មង, បីបាច់រក្សាដោយប្រយ័ត្ន, ថ្នមមិនឲ្យអាក់ចិត្ត : ពុំគួរថ្នាក់ថ្នមកូនឲ្យហួសហេតុពេកទេ, គួរតែបង្ហាត់ ទម្លាប់វាឲ្យចេះស៊ូទ្រាំនឹងការនឿយហត់តាំងពីក្មេងទៅ ។
-
ថ្នាក់ថ្នល់
( ន.នាមសព្ទ )
សេចក្ដីអាក់អន់កល់កើលចិត្ត ហាក់ដូចជាមានថ្នាក់មានថ្នល់; គ្រោះថ្នាក់ ។
-
ថ្នាក់ថ្នាំង
( ន.នាមសព្ទ )
សេចក្ដីអាក់អន់ចិត្តដោយគ្រាដោយកាលហាក់ដូចជាមានថ្នាក់មានថ្នាំង : ការនៅរួមជាមួយគ្នារមែងនាំឲ្យមានថ្នាំងថ្នាក់បន្តិចបន្តួចជាធម្មតា ។
-
ថ្នាល
( ន.នាមសព្ទ )
ទីដីសម្រាប់សាបពូជស្រូវ ឬព្រោះពូជថ្នាំជាដើម : ថ្នាលសំណាប, កូនថ្នាំ ១ ថ្នាល ។
-
ថ្នាស
( និ.និបាតសព្ទ )
ត្រាតែ, ទាល់តែ, លុះត្រាតែ : ជូជកគាត់ខំប្រឹងឡើងកខ្វេសកខ្វាសថ្នាសតែបានដល់ទៅប្រគាបឈើ (ម. កណ្ឌមហា-រាជបព្វៈ) ។ ពុំងាយនឹង, កម្រនឹង : ថ្នាសអ្វីនឹងបាន, ថ្នាសអ្វីនឹងដល់ (សាស្ត្រាល្បែងពាក្យកាព្យបុរាណមានច្រើនអន្លើ) ។
-
ថ្នាំ
( ន.នាមសព្ទ )
វត្ថុសម្រាប់រម្ងាប់រោគផ្សេងៗ : ផឹកថ្នាំ, ពេទ្យឲ្យថ្នាំ ។ ឈ្មោះដំណាំមានស្លឹកយកមកហាន់ហាល សម្រាប់ជក់ឬចុក : ថ្នាំមួយបាញ់ ។ វត្ថុមានពណ៌ផ្សេងៗ សម្រាប់លាបតាក់តែងអ្វីៗទាំងពួង : ថ្នាំខៀវ, ថ្នាំលឿង ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>