Khmer Dictionary: ថ
Chuon Nath's Khmer-Khmer Dictionary
-
ថ្ពង
( ន.នាមសព្ទ )
ឈ្មោះខែត្រ១ក្នុងអាណាខេត្តកម្ពុជា នៅប៉ែកខាងលិច សព្វថ្ងៃនេះ ទៅជាស្រុកក្នុងខេត្តកំពង់ស្ពឺ : សាលាស្រុកថ្ពង តាំងនៅអមលាំង ។
-
ថ្ពាល់
( ន.នាមសព្ទ )
សរីរាវយវៈនៃមនុស្សសត្វត្រង់ចំហៀងមុខទាំងខាងស្ដាំទាំងខាងឆ្វេង : ថ្ពាល់កំពុង ថ្ពាល់ដែលមានសាច់កំពុង ។ ថ្ពាល់ផត ថ្ពាល់ដែលមានសាច់ផត ។ ថ្ពាល់ត្រគាក កំប៉េះត្រគាក ។ ថ្ពាល់គូទ (ព. សា.) កំប៉េះគូទ ។ ថ្ពាល់ខ្លាចង្កាហ៊ីង (ម. ទ. បុ.) មនុស្សដែលមានថ្ពាល់រីកគ្រហាញមានចង្កាខ្លី ច្រើនតែមានសម្ដីថ្វីមាត់ក្អេងក្អាង ។ល។
-
ថ្ពិន
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆ្ពិន ឬ ថ្ពិន) ។
-
ថ្ពឹន
( កិ.កិរិយាសព្ទ )
ចងបិទបាំងភ្នែកដោយខ្ទប់នឹងសំពត់ ឬបាំងបំភាន់ភ្នែកដោយមន្តអាគម ឬដោយកលល្បិចអ្វីម្យ៉ាងៗ : ថ្ពឹនភ្នែក, ចងសំពត់ថ្ពឹនភ្នែក ។
-
ថ្ពូត
( កិ.កិរិយាសព្ទ )
តសរសៃឆ្មៃ សរសៃត្រថឿងជាដើម ឲ្យជាប់គ្នាហើយវេញជាខ្សែ ។ ព. ប្រ. គុ. ពាក្យថ្ពូត គឺពាក្យដែលអ្នកនិយាយប្រមូលយកដំណើរយកហេតុពីនេះពីនោះផ្ដុំ ហាក់ដូចគេត្របាញ់ថ្ពូតធ្មៃ ។ គេនិយាយម្យ៉ាងទៀតថា :
- ថ្ពូតផ្សែងធ្វើជាដុំ គឺប្រៀបប្រហែលដូចជាគេចង់ថ្ពូតផ្សែងឲ្យជាដុំ ។
-
ថ្ពេច
( កិ.កិរិយាសព្ទ )
ផ្ទាត់តម្ពេច : ថ្ពេចកប្បាស ។
-
ថ្ពែក
( គុ.គុនសព្ទ )
ដែលមានស្បែកក្បាលរលីងឥតសក់ ឬរលីងឥតសក់ដុំៗ : ក្បាលថ្ពែក ។
-
ថ្ពៅ
( ន.នាមសព្ទ )
ឈ្មោះដំណាំមួយប្រភេទសន្ដានស្កួយ អាចយកមកលីងឲ្យផ្ទុះធ្វើជាលាជបាន ឬអាចយកផ្លែទុំមានពណ៌សមកដោតធ្វើជាខ្សែកសម្រាប់ក្មេងពាក់ ។
-
ថ្ម
( ន.នាមសព្ទ )
ធាតុដីដែលរឹងហើយជាប់ (ទីទៃពីលោហជាតិ) : ថ្មភ្នំ, ថ្មបាយក្រៀម; ថ្មកែវ, ថ្មខ្មៅ ។ល។
-
ថ្មាត់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
បត់ (និយាយបានតែពីបត់ម្លូបៀក) : ថ្មាត់ម្លូ ឬ ថ្មាត់ស្លា ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>