Khmer Dictionary: ដ
Chuon Nath's Khmer-Khmer Dictionary
-
ដាវ
( ន.នាមសព្ទ )
គ្រឿងសស្រ្តាធ្វើដោយដែក តួវែង មានមុខតែម្ខាង ខ្នងអ៊ែន ដងខ្លី មានរបាំងសម្រាប់រងដៃ (កាព្យធៀបចម្បាំង) : រីពលដាវវែង និងពលដាវខ្លី ស្ទុះចូលក្រញី ឥតបីក្រែងឡើយ ។
-
ដាស
( កិ.កិរិយាសព្ទ )
ពាស : ដាសស្គរ ។
-
ដាស
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាសពេញ, ស្អេកស្កះ, តាន់តាប់ : មនុស្សឈរដាស, មើលទៅឃើញដាស ។
-
ដាស់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យភ្ញាក់ពីដេក, ធ្វើឲ្យកម្រើក, ឲ្យមានកម្លាំង, ឲ្យខ្លាំងពូកែដោយមន្តគាថា ឬដោយថ្នាំ : គ្រូដាស់មន្តអាគម, ដាស់ដើមថ្នាំ។
-
ដាស់ដែ
( ន.នាមសព្ទ )
សេចក្ដីខុសត្រូវ, ការរាក់ជ្រៅ : វានៅក្មេងណាស់ មិនទាន់ដឹងដាស់ដែអ្វីទេ (ព. បុ.) ។
-
ដាស់តឿន
( កិ.កិរិយាសព្ទ )
តឿនឲ្យភ្ញាក់ស្មារតី, ឲ្យនឹកឃើញ : មាតាបិតាត្រូវដាស់តឿនកូនប្រុសស្រី ឲ្យប្រព្រឹត្តសុចរិតស្លូតត្រង់ ។
-
ដាស់ទំ
( ន.នាមសព្ទ )
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
អធ្រាត្រ, យប់ស្ងាត់, យប់ជ្រៅ : លុះដល់អធ្រាត្រដាស់ទំ ដេកស្ងាត់ជ្រងំ ពុំភ្ញាក់ដល់ម្នាក់ឡើយណា... (សាស្ត្រាមាយើង) ។
-
ដាំ
( កិ.កិរិយាសព្ទ )
កប់ពូជ, កូន, ដើម, ទង ដំណាំក្នុងធរណីដើម្បីនឹងឲ្យដុះលូតលាស់ មានផលប្រយោជន៍តទៅ : ដាំពោត, ដាំដំឡូង, ដាំចេក, ដាំម្លូ ។ ចម្អិនបាយ, ចម្អិនទឹក : ដាំបាយ, ដាំទឹក ។ កប់បញ្ឈរ : ដាំសសរ, ដាំបង្គោល ។
-
ដាំង
( ន.នាមសព្ទ )
គុយ្ហប្បទេសរបស់មនុស្សប្រុសឬសត្វឈ្មោល (ព. បុ.) : រទេះបាក់មិនគិត ទៅគិតឯគោលូចដាំង មានន័យថា : ការធំមិនគិត ទៅគិតឯការតូចតាច : (លូចដាំងបុរាណមិនរាប់ថាជាពាក្យពុំគួរទេ, ឯក្នុងសម័យយើងសព្វថ្ងៃនេះ គួរថា គោបញ្ចេញដាំង សមគួរមិនជាក់ស្ដែងពេក) ។
-
ដាំដូង
( កិ.កិរិយាសព្ទ )
or ដាំទីង
បំបះគូទឡើងលើ បង្អោនក្បាលចុះក្រោម ។ កិ. វិ. ដួលដាំដូង ឬ ដួលដាំទីង ដួលបះគូទឡើងលើ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចាក់ទីង ផង) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>